12.Joseph
- អាលីហ្វ ឡាម រ៉ ។ ទាំងនេះគឺជាអាយ៉ាត់ៗរបស់គម្ពីរ (គួរអាន)ដ៏ច្បាស់លាស់។
- ពិតប្រាកដណាស់ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជា ភាសាអារ៉ាប់ ដើម្បីឱ្យពួកអ្នកស្វែងយល់។
- យើងនិទានរឿងមួយដែលល្អជាងគេក្នុងចំណោមរឿង ប្រវត្ដិសាស្ដ្រទាំងឡាយនូវអ្វីដែលយើងបានផ្ដល់វ៉ាហ៊ីដល់អ្នក (មូហាំម៉ាត់)តាមរយៈគម្ពីរគួរអាននេះឱ្យអ្នកស្ដាប់។ ហើយ ពីមុននេះអ្នកពិតជាស្ថិតក្នុងចំណោមអ្នកដែលមិនដឹងអ្វីសោះ។
- (ចូរចងចាំ)នៅពេលដែលយូសុហ្វបានពោលទៅកាន់ឪពុក របស់គាត់ថាៈ ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានសុបិនឃើញ ផ្កាយដប់មួយដួង និងព្រះអាទិត្យ ហើយនិងព្រះច័ន្ទ ខ្ញុំបានឃើញ ពួកវាស៊ូជូតចំពោះខ្ញុំ។
- គាត់(ឪពុកយូសុហ្វ)បានពោលថាៈ ឱកូនសម្លាញ់របស់ខ្ញុំ. ចូរ កុំនិទានរឿងសុបិនរបស់ឯងឱ្យបងប្អូនឯងស្ដាប់ឱ្យសោះ ជាហេតុនាំ ឱ្យពួកគេរៀបចំគ្រប់ឧបាយកលដើម្បីបោកប្រាស់ឯង។ ពិតប្រាកដ ណាស់ ស្ហៃតនគឺជាសត្រូវនឹងមនុស្សលោកយ៉ាងច្បាស់លាស់។
- ដូចេ្នះហើយម្ចាស់របស់ឯងនឹងជ្រើសរើសឯង និងបង្រៀនឯង ឱ្យចេះកាត់សុបិន ហើយទ្រង់នឹងបំពេញនៀកម៉ាត់របស់ទ្រង់ឱ្យឯង និងពូជពង្សរបស់យ៉ាក់កូបក៏ដូចជាទ្រង់បានបំពេញវាឱ្យជីតាទាំងពីរ នាក់របស់ឯង អ៊ីព្រហ៊ីម និងអ៊ីសហាកពីមុនមកដែរ។ ពិតប្រាកដ ណាស់ ម្ចាស់របស់ឯងមហាដឹង មហាគតិបណ្ឌិត។
- ជាការពិតណាស់ នៅក្នុងរឿងរបស់យូសុហ្វនិងបងប្អូនរបស់ គាត់ គឺជាភស្ដុតាងៗសម្រាប់ពួកដែលសួរ ។
- នៅពេលដែលពួកគេ(កូនៗ)បាននិយាយថាៈ ពិតប្រាកដ ណាស់ យូសុហ្វនិងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន)ជាទីស្រឡាញ់ របស់ឪពុកយើងជាងពួកយើង ទោះបីពួកយើងជាក្រុមដែលខ្លាំង ក្លាក៏ដោយ។ ពិតប្រាកដណាស់ ឪពុករបស់ពួកយើងជាអ្នកដែល ស្ថិតក្នុងភាពលំអៀងយ៉ាងច្បាស់លាស់។
- ចូរពួកអ្នកសម្លាប់យូសុហ្វ ឬយកគេទៅបោះចោលនៅតំបន់ ដែលឆ្ងាយ ពេលនោះឪពុករបស់ពួកអ្នកនឹងបែរមករកពួកអ្នកវិញ ហើយពួកអ្នកនឹងក្លាយជាក្រុមដែលល្អត្រឹមត្រូវបន្ទាប់ពីនោះ។
- ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ចូរពួកអ្នកកុំ សម្លាប់យូសុហ្វអី្វ តែពួកអ្នកត្រូវបោះគេចូលទៅក្នុងបាតអណ្ដូង វិញ ពេលនោះក្បួនអ្នកដំណើរមួយចំនួននឹងរើសគេជាមិនខាន ប្រសិនបើពួកអ្នកចង់ធ្វើ។
- ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង. ហេតុអ្វី បានជាអ្នកមិនទុកចិត្ដពួកយើងចំពោះយូសុហ្វ? ពិតប្រាកដណាស់ ពួកយើងសុទ្ធតែជាអ្នកស្មោះត្រង់ចំពោះគេ។
- សូមឪពុកឱ្យគេទៅជាមួយពួកខ្ញុំនៅថ្ងៃស្អែកនេះ ដើម្បី ឱ្យគេបានរីករាយ និងបានលេងសប្បាយ។ ហើយពិតប្រាកដណាស់ ពួកខ្ញុំគឺជាអ្នកដែលមើលថែរក្សាគេ ។
- គាត់(ឪពុក)បានពោលថាៈ តាមពិតវាធ្វើឱ្យយើងព្រួយ បារម្ភពេលដែលពួកឯងនាំគេទៅ ហើយយើងខ្លាចតែឆ្កែចចកស៊ីគេ នៅពេលដែលពួកឯងព្រងើយកន្ដើយនឹងគេ។
- ពួកគេ(កូនៗ)បាននិយាយថាៈ ប្រសិនបើចចកស៊ីគេ ដោយ ពួកយើងជាក្រុមដែលខ្លាំងក្លានោះ ពួកយើងពិតជាអ្នកខាតបង់ជា មិនខានបើដូច្នោះមែន។
- ហើយនៅពេលដែលពួកគេនាំយូសុហ្វទៅជាមួយ និងបាន ឯកភាពគ្នាដើម្បីយកគេទៅចោលក្នុងបាតអណ្ដូង យើងក៏បានផ្ដល់ វ៉ាហ៊ីដល់គេថាៈ ឯងប្រាកដជានឹងប្រាប់ពួកគេ(នៅថ្ងៃណាមួយ)អំពី ទង្វើរបស់ពួកគេនេះ ដោយពួកគេមិនដឹងខ្លួនឡើយ។
- ហើយពួកគេបានវិលត្រឡប់មកជួបឪពុករបស់ពួកគេវិញ ក្នុងពេលព្រលប់ ដោយពួកគេនាំគ្នាយំ។
- ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកខ្ញុំ. ពិតប្រាកដ ណាស់ ពួកខ្ញុំបានទៅរត់ប្រណាំងគ្នាលេង ហើយពួកខ្ញុំបានទុក យូសុហ្វនៅជាមួយឥវ៉ាន់របស់ពួកខ្ញុំ ស្រាប់តែឆ្កែចចកបានស៊ីគេ។ ប៉ុន្ដែឪពុកនៅតែមិនជឿពួកខ្ញុំឡើយ ទោះបីជាពួកយើងនិយាយ ការពិតយ៉ាងណាក៏ដោយ។
- ហើយពួកគេបាននាំអាវរបស់គេ(យូសុហ្វ)ដែលប្រឡាក់ ឈាមក្លែងក្លាយមកជាមួយ។ គាត់(ឪពុក)បានពោលថាៈ ទេ. តាមពិតពួកអ្នកទាំងអស់គ្នាទេដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះ ការអត់ធ្មត់វាជាការប្រសើរបំផុត(សម្រាប់យើង) ហើយ មានតែអល់ឡោះទេដែលត្រូវសុំឱ្យជួយបង្ហាញនូវអ្វីដែលពួកអ្នក កំពុងតែរ៉ាយរ៉ាប់នោះ។
- ក្រោយមកក្បួនអ្នកដំរណីរក៏បានមកដល់ ហើយពួកគេ បានបញ្ជូនអ្នកដងទឹកម្នាក់របស់ពួកគេ ហើយគេក៏បានទម្លាក់យោង ទឹករបស់គេចូលទៅក្នុងអណ្ដូងនោះ។ គេក៏និយាយថាៈ អូ អស្ចារ្យ មែន. នេះជាកេ្មងប្រុសទេតើ. ហើយពួកគេក៏យកគេ(យូសុហ្វ) លាក់ទុកធ្វើជាទំនិញ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។
- ហើយពួកគេបានលក់យូសុហ្វដោយតម្លៃថោកបំផុតតែ ប៉ុន្មានទៀរហាំប៉ុណ្ណោះ ហើយពួកគេជាពួកដែលមិនឱ្យតម្លៃចំពោះ យូសុហ្វឡើយ។
- បុរសម្នាក់មកពីអេហ្ស៊ីបដែលបានទិញយូសុហ្វបាននិយាយ ទៅកាន់ភរិយារបស់គេថាៈ ចូររៀបចំកន្លែងស្នាក់នៅរបស់គេឱ្យ បានសមរម្យផង សង្ឃឹមថាគេអាចផ្ដល់ផលប្រយោជន៍ដល់យើង ឬក៏យើងអាចយកគេធ្វើជាកូនតែម្ដង។ ដូច្នោះដែរ យើងបានផ្ដល់ ការរស់នៅសម្រាប់យូសុហ្វនៅលើផែនដី ដើម្បីបង្រៀនគេអំពីការ ចេះបកស្រាយគ្រប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើង ហើយ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើភារកិច្ចរបស់ទ្រង់។ ប៉ុន្ដែមនុស្សភាគច្រើនមិនដឹងឡើយ។
- ហើយនៅពេលគេ(យូសុហ្វ)ធំពេញវ័យ យើងបានផ្ដល់ ឱ្យគេនូវភាពឈ្លាសវៃ និងចំណេះដឹង។ ហើយដូច្នោះដែរ យើងនឹងតបស្នងចំពោះបណ្ដាអ្នកដែលសាងអំពើល្អ។
- ហើយស្រី្ដដែលយូសុហ្វនៅផ្ទះរបស់នាងចង់ប្រលោមកាម គុណជាមួយគេ ហើយនាងបានបិទទ្វារទាំងអស់ រួចនិយាយថាៈ សូម អ្នកមកទីនេះ. យូសុហ្វឆ្លើយថាៈ ខ្ញុំសុំពីអល់ឡោះឱ្យចៀសផុត(អំពី ប្រការនេះ)។ ពិតប្រាកដណាស់ គាត់(ស្វាមីរបស់នាង)ជាចៅហ្វាយ របស់ខ្ញុំដែលបានផ្ដល់ការរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ពិតប្រាកដ ណាស់ ពួកដែលបំពាននោះនឹងមិនទទួលជោគជ័យឡើយ។
- ស្ដ្រីនោះមានចំណង់លើយូសុហ្វ ហើយយូសុហ្វក៏មានចំណង់ ទៅលើនាងវិញដែរ បើសិនជាមិនបានឃើញភស្ដុតាងនៃម្ចាស់របស់ គេទេនោះ។ ដូច្នោះដែរ គឺដើម្បីយើងនឹងបញ្ចៀសគេឱ្យឆ្ងាយពីអំពើ អាក្រក់ និងអំពើកាមគុណខុសច្បាប់ទាំងឡាយ។ តាមការពិត យូសុហ្វគឺស្ថិតក្នុងចំណោមខ្ញុំទាំងឡាយរបស់យើង ដែលយើងបាន ជ្រើសរើស(ធ្វើជាអ្នកនាំសារ)ដែរ។
- ហើយពួកគេទាំងពីរបានប្រតាយប្រតប់គ្នាទៅរកទ្វារ ហើយនាងក៏បានហែកអាវគេពីក្រោយ ហើយគេទាំងពីរបានប្រទះ ឃើញស្វាមីរបស់នាងនៅមាត់ទ្វារ នាងក៏បានសួរថាៈ លទ្ធផលអ្នក ដែលមានបំណងអាក្រក់ទៅលើភរិយារបស់លោកគ្មានអ្វីក្រៅពីការ ឃុំឃាំង ឬដាក់ទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។
- យូសុហ្វបានពោលថាៈ នាងទេដែលជាអ្នកចង់ប្រលោម មកលើខ្លួនខ្ញុំនោះ។ ហើយសាក្សីម្នាក់ពីគ្រួសាររបស់នាងបានអះ អាងថាៈ ប្រសិនបើអាវរបស់គាត់(យូសុហ្វ)រហែកពីមុខនោះ នាង ជាអ្នកស្មោះត្រង់ ហើយគាត់ស្ថិតក្នុងចំណោមអ្នកភូតកុហក។
- តែប្រសិនបើអាវរបស់គាត់រហែកពីខាងក្រោយវិញ គឺនាង ជាអ្នកកុហក ហើយគាត់ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវ។
- ហើយនៅពេលដែលគេ(ស្វាមី)បានឃើញអាវរបស់ យូសុហ្វរហែកខាងក្រោយ គេក៏និយាយថាៈ តាមពិតវាជាឧបាយ កលរបស់ពួកនាង។ ពិតប្រាកដ ឧបាយកលរបស់ពួកនាងធំធេង បំផុត។
- (ស្វាមីរបស់នាងបាននិយាយថា) ឱយូសុហ្វ. ចូរអ្នក បំភេ្លចរឿងនេះចោលចុះ។ ហើយចូរនាងសុំអភ័យទោសនូវកំហុស របស់នាង តាមពិតនាងស្ថិតក្នុងចំណោមអ្នកដែលមានកំហុស។
- ហើយបណ្ដាស្ដ្រីដែលនៅក្នុងទីក្រុងបាននិយាយថាៈ ភរិយារបស់អាហ្ស៊ីសចង់ប្រលោមទៅលើអ្នកបម្រើរបស់ខ្លួន តាម ពិតសេចក្ដីស្រឡាញ់បានធ្វើឱ្យនាងងប់ងុល។ ពិតប្រាកដណាស់ ពួកយើងឃើញនាងស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
- នៅពេលដែលនាងបានស្ដាប់ឮពាក្យរិះគន់របស់ពួកគេ នាងក៏បានអញ្ជើញស្ដ្រីទាំងនោះ និងបានរៀបចំសម្រាប់ពួកនាង នូវពិធីជប់លៀងមួយ ហើយបានផ្ដល់កាំបិតឱ្យពួកនាងម្នាក់មួយ គ្រប់ៗគ្នា(ដើម្បីចិតផ្លែឈើហូប) ហើយនាងបាននិយាយថាៈ ចូរ ឯង(យូសុហ្វ)ចេញទៅខាងមុខពួកនាង។ នៅពេលដែលពួកនាង បានឃើញយូសុហ្វពួកនាងក៏ភ្ញាក់ផ្អើលនឹងគាត់(ដោយសារសម្រស់ របស់គាត់់) ហើយបានចិតដៃខ្លូនឯងព្រមទាំងនិយាយថាៈ អល់ឡោះ មហាស្អាតស្អំ. នេះមិនមែនជាមនុស្សទេ. តាមពិតនេះជាម៉ាឡា-អ៊ីកាត់ដ៏ឧត្ដុង្គឧត្ដម។
- នាងបាននិយាយថាៈ គេនេះហើយដែលធ្វើឱ្យពួកអ្នក បន្ទោសខ្ញុំ។ ហើយតាមពិតខ្ញុំចង់ប្រលោមទៅលើគេមែន តែគេ បានបដិសេធ។ ប្រសិនបើគេមិនធ្វើតាមអ្វីដែលខ្ញុំបញ្ជានោះទេ គេពិតជានឹងត្រូវឃុំឃាំង ហើយគេស្ថិតក្នុងចំណោមអ្នកដែល អាម៉ាស់ជាទីបំផុត។
- យូសុហ្វបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. មន្ទីរឃុំឃាំង ជាទីស្រឡាញ់របស់ខ្ញុំជាងអ្វីដែលពួកនាងបានលួងលោមខ្ញុំឱ្យទៅ រកវា(អំពើទុច្ចរិត)។ ប្រសិនបើទ្រង់មិនបញ្ជៀសឧបាយកលរបស់ ពួកនាងអំពីខ្ញុំទេនោះ ខ្ញុំនឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតនៅក្នុងចំណោមអ្នកដែលល្ងង់ខ្លៅជាមិនខាន។
- ពេលនោះម្ចាស់របស់គេបានទទួលយកការទទូចសុំរបស់ គេ ហើយទ្រង់បានបញ្ជៀសឧបាយកលរបស់ពួកនាងឱ្យឆ្ងាយពីគេ។ ពិតប្រាកដណាស់ ទ្រង់មហាឮ មហាដឹង ។
- បន្ទាប់មកគំនិតផេ្សងក៏បានកើតឡើងចំពោះពួកគេ (អាហ្ស៊ីស និងមន្ដ្រី) ក្រោយពីពួកគេបានឃើញភស្ដុតាងនានា (ភាពស្អាតស្អំរបស់យូសុហ្វ) ពួកគេត្រូវតែឃុំឃាំងយូសុហ្វមួយ រយៈកាលសិន។
- ហើយយុវជនពីរនាក់បានចូលទៅក្នុងមន្ទីរឃុំឃាំងជា មួយគេ(យូសុហ្វ)។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុងច្របាច់(ទំពាំងបាយជូរ)ធ្វើជាស្រា ហើយម្នាក់ទៀតបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុង ទូលនំបុ័ងលើក្បាលរបស់ខ្ញុំដែលសត្វកំពុងចឹកនំបុ័ងងនោះ។ សូមអ្នក ប្រាប់ពួកយើងអំពីអត្ថន័យរបស់វាផងចុះ។ ពិតប្រាកដណាស់ ពួក យើងឃើញថាៈ អ្នកគឺជាមនុស្សល្អម្នាក់។
- យូសុហ្វបានឆ្លើយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែ ម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរក៏ខ្ញុំអាចប្រាប់ពីប្រភេទ របស់វាបានដែរមុននឹងវាមកដល់អ្នកទាំងពីរ។ នោះហើយជាអ្វី ដែលម្ចាស់របស់ខ្ញុំបានបង្រៀនខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានចៀស ឆ្ងាយពីសាសនារបស់ក្រុមដែលគ្មានជំនឿលើអល់ឡោះ ដោយពួក គេបដិសេធនឹងថ្ងៃបរលោក។
- ហើយខ្ញុំបានអនុវត្ដតាមសាសនាជីដូនជីតារបស់ខ្ញុំ គឺ អ៊ីព្រហ៊ីម អ៊ីសហាកនិងយ៉ាក់កូប។ សម្រាប់ពួកយើង យើងមិន ដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះបន្ដិចសោះឡើយ។ នោះជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោក ទាំងអស់ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនរមិលគុណ។
- (យូសុហ្វបានពោលថា) ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីរ របស់ខ្ញុំ. តើម្ចាស់នានាគ្រប់ទីកន្លែងប្រសើរជាង ឬអល់ឡោះតែ មួយគត់ដែលមានឥទ្ធិពលខ្លាំងក្លាប្រសើរជាង
- អ្វីដែលពួកអ្នកកំពុងគោរពសក្ការៈផេ្សងពីទ្រង់នោះ គ្រាន់ តែជាឈ្មោះដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឱ្យវា ប៉ុណ្ណោះ ដែលអល់ឡោះមិនបានបញ្ចុះភស្ដុតាងណាមួយបញ្ជាក់ អំពីវាឡើយ។ ការកាត់សេចក្ដីនោះគ្មានអ្នកណាម្នាក់ក្រៅពី អល់ឡោះឡើយ។ ទ្រង់បានបញ្ជាំមិនឱ្យពួកអ្នកគោរពសក្ការៈ ក្រៅពីទ្រង់ឡើយ។ នោះជាសាសនាដ៏ត្រឹមត្រូវតែមនុស្សលោក ភាគច្រើនមិនដឹងឡើយ។
- ឱមិត្ដរួមមន្ទីរឃុំឃាំងទាំងពីររបស់ខ្ញុំ. រីឯម្នាក់នៃអ្នក ទាំងពីរគឺនឹងចាក់ស្រាឱ្យចៅហ្វាយប្រុសរបស់គេ រីឯម្នាក់ទៀតត្រូវ គេចងឆ្កាង ហើយមានសត្វមកចឹកស៊ីក្បាលរបស់គេ។ រឿងរ៉ាវដែល ត្រូវបានគេវិនិច្ឆ័យនេះ វាទាក់ទងទៅនឹងអ្វីដែលអ្នកទាំងពីរសួរ។
- ហើយយូសុហ្វបានពោលទៅកាន់អ្នកដែលគាត់បានដឹងថា គេពិតជានឹងរួចផុតពីទោសម្នាក់ក្នុងចំណោមគេទាំងពីរថាៈ ចូរអ្នក ជួយរំលឹកខ្ញុំឱ្យលោកម្ចាស់របស់អ្នកបានដឹងផង(ដើម្បីយកចេញពី មន្ទីរឃុំឃាំង) ប៉ុន្ដែស្ហៃតនបានធ្វើឱ្យគេភេ្លចពាក្យបណ្ដាំនេះទៅឱ្យ លោកម្ចាស់របស់គេ ដូចេ្នះគេ(យូសុហ្វ)ក៏បានស្ថិតនៅក្នុងមន្ទីរ ឃុំឃាំងនោះអស់រយៈពេលប៉ុន្មានឆ្នាំតទៅទៀត។
- ហើយសេ្ដចនោះបានមានបន្ទូលថាៈ ពិតប្រាកដណាស់ យើងសុបិនឃើញគោញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាល ស៊ីពួកវា ហើយឃើញស្រូវសាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សង ទៀតស្ងួត។ ឱពួកលោកមន្ដ្រី. ចូរពួកអ្នកពន្យល់អំពីសុបិនរបស់ យើង ប្រសិនបើពួកអ្នកចេះកាត់សុបិន។
- ពួកគេបានឆ្លើយថាៈ សុបិនច្របូកច្របល់ទាំងនេះគ្មាន អត្ថន័យអ្វីឡើយ ហើយពួកយើងពុំមែនជាអ្នកមានចំណេះដឹងអំពី ការកាត់សុបិននេះឡើយ។
- ហើយអ្នកដែលបានរួចផុតពីទោសក្នុងចំណោមគេទាំងពីរ បាននឹកឃើញ(យូសុហ្វ)បន្ទាប់ពីគេភេ្លចមួយរយៈកន្លងមកបាន និយាយថាៈ ខ្ញុំនឹងប្រាប់ពួកអ្នកអំពីអត្ថន័យរបស់វា។ ដូចេ្នះ សូម ពួកអ្នកបញ្ជូនខ្ញុំទៅ(កាន់យូសុហ្វ)។
- យូសុហ្វ ឱអ្នកសច្ចៈអើយ. ចូរជួយពន្យល់យើងអំពីគោ ញីធាត់ប្រាំពីរក្បាលត្រូវគោស្គមប្រាំពីរក្បាលស៊ីពួកវា ហើយស្រូវ សាឡីស្រស់ប្រាំពីរកួរ និងប្រាំពីរកួរផេ្សងទៀតស្ងួត ដើម្បីខ្ញុំត្រឡប់ ទៅកាន់ពួកគេវិញ សង្ឃឹមថាពួកគេនឹងដឹង(អត្ថន័យសុបិននេះ)។
- យូសុហ្វបានពោលថាៈ អ្នកទាំងអស់គ្នានាំគ្នាដាំដំណាំប្រាំ ពីរឆ្នាំជាប់ៗគ្នា ហើយអ្វីដែលពួកអ្នកបានច្រូត ចូរពួកអ្នករក្សាទុកវា ទាំងកួររបស់វា លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះអំពីអ្វីដែលពួកអ្នក ចង់បរិភោគ។
- បន្ទាប់មក ភាពរាំងស្ងួតរយៈពេលប្រាំពីរឆ្នាំនឹងមកដល់ ក្រោយពីនោះ(ការប្រមូលផលប្រាំពីរឆ្នាំរួច) ដែលវានឹងបរិភោគ អស់នូវអ្វីដែលពួកអ្នកបានសន្សំទុកពីមុនសម្រាប់រយៈពេលប្រាំពីរ ឆ្នាំ(ដែលរាំងស្ងួត) លើកលែងតែបន្ដិចបន្ដួចនូវអ្វីដែលពួកអ្នក រក្សាទុក។
- បន្ទាប់មក មានមួយឆ្នាំនឹងមកដល់ក្រោយពីនោះ ដែលក្នុងឆ្នាំនោះគេបញ្ចុះទឹកភ្លៀងឱ្យមនុស្សលោកបានគ្រប់គ្រាន់ ហើយ នៅក្នុងឆ្នាំនោះដែរពួកគេនឹងផលិត(ស្រានិងបេ្រង...)។
- ហើយសេ្ដចនោះបានមានបន្ទូលថាៈ ចូរពួកអ្នកនាំយូសុហ្វ មកឱ្យយើង។ ហើយនៅពេលដែលអ្នកនាំសារបានមកដល់យូសុហ្វ យូសុហ្វបានពោលថាៈ ចូរអ្នកត្រឡប់ទៅកាន់លោកម្ចាស់របស់អ្នក វិញ ហើយសួរគាត់អំពីមូលហេតុដែលស្ដ្រីៗបានចិតដៃខ្លួនឯងនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំ(អល់ឡោះ)ដឹងច្បាស់អំពីឧបាយកលរបស់ពួកនាង។
- សេ្ដចបានមានបន្ទូល(ទៅកាន់ពួកនាង)ថាៈ តើមានអ្វី កើតឡើងនៅពេលដែលពួកអ្នកលួងលោមយូសុហ្វចង់បានខ្លួនគេ នោះ? ពួកនាងបានឆ្លើយថាៈ អល់ឡោះមហាស្អាតស្អំ. យើងខ្ញុំមិន ធ្លាប់ដឹងពីភាពអាស្រូវរបស់គេឡើយ។ ភរិយារបស់អាហ្ស៊ីសបាន ឆ្លើយថាៈ ពេលនេះការពិតបានលាតត្រដាងអស់ហើយ គឺខ្ញុំទេដែល បានលួងលោមចង់បានខ្លួនគេ។ ហើយពិតប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវ។
- (បន្ទាប់មកយូសុហ្វបានពោលថា) នោះគឺដើម្បីឱ្យគាត់ (អាហ្ស៊ីស)ដឹងថា ពិតប្រាកដណាស់ ខ្ញុំមិនបានក្បត់គាត់នៅពេល ដែលគាត់មិននៅនោះទ។ ហើយពិតប្រាដកណាស់ អល់ឡោះមិន បង្ហាញផ្លូវចំពោះឧបាយកលរបស់ពួកក្បត់ឡើយ។
- ហើយខ្ញុំ(ភរិយាអាហ្ស៊ីស)មិនបដិសេធកំហុសខ្លូនឯង ឡើយ។ តាមពិតតណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែអ្នកណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់។
- ហើយសេ្ដចមានបន្ទូលថាៈ ចូរពួកអ្នកនាំគេមកជួបយើង ដើម្បីយើងយកគេធ្វើជាមនុស្សជំនិតរបស់យើង។ នៅពេលដែល សេ្ដចមានបន្ទូលជាមួយយូសុហ្វ រួចក៏មានបន្ទូលថាៈ ពិតប្រាកដ ណាស់ អ្នកឯងពីថ្ងៃនេះតទៅគឺជាអ្នកដែលមានបុណ្យសក្ដិខ្ពង់ខ្ពស់ គួរជាទីទុកចិត្ដសម្រាប់យើង។
- យូសុហ្វបានពោលថាៈ ចូរអ្នកតែងតាំងខ្ញុំឱ្យគ្រប់គ្រងឃ្លាំង ទូទាំងនគរនេះ(ជារដ្ឋមន្ដ្រីហិរញ្ញវត្ថុប្រទេសអេហ្ស៊ីប)។ ពិតប្រាកដ ណាស់ខ្ញុំជាអ្នកគ្រប់គ្រងថែរក្សាវាប្រកបដោយចំណេះចេះដឹងខ្ពស់។
- ដូចច្នោះហើយទើបយើងបានប្រទានអំណាចឱ្យយូសុហ្វនៅ លើផែនដី ដើម្បីឱ្យគេមានសិទិ្ធអំណាចគ្រប់គ្រងនៅកន្លែងណាដែល គេប្រាថ្នា។ យើងផ្ដល់ការអាណិតស្រឡាញ់សម្រាប់អ្នកណាដែល យើងមានចេតនា ហើយយើងមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នក ដែលធ្វើល្អឡើយ។
- ហើយពិតប្រាកដណាស់ ផលបុណ្យនៅថ្ងៃបរលោកគឺល្អ ប្រសើរសម្រាប់បណ្ដាអ្នកដែលមានជំនឿ និងធ្លាប់បានកោតខ្លាច អល់ឡោះ។
- ហើយបងប្អូនរបស់យូសុហ្វបានមកដល់ រួចក៏បានចូលទៅ ជួបគេ ពេលនោះយូសុហ្វបានស្គាល់ពួកគេទាំងអស់ តែពួកគេមិន បានស្គាល់យូសុហ្វឡើយ។
- ហើយនៅពេលដែលគេ(យូសុហ្វ)បានរៀបចំរបស់របរ ផ្ដល់ឱ្យពួកគេរួច យូសុហ្វក៏បានពោលថាៈ ចូរពួកអ្នកនាំប្អូនប្រុស របស់ពួកអ្នក(ពុនយ៉ាមីន)ពីឪពុករបស់ពួកអ្នកមកឱ្យខ្ញុំ។ តើពួក អ្នកមិនឃើញទេថា យើងពិតជាបានវាល់(ឱ្យពួកអ្នក)គ្រប់ចំនួន ហើយយើងជាអ្នកទទួលភ្ញៀវដែលល្អជាងគេទេឬ
- តែប្រសិនបើពួកអ្នកមិននាំគេមកជួបយើងទេនោះ គឺខ្ញុំ គ្មានការវាល់(ដោះដូរស្បៀង)សម្រាប់ពួកអ្នកទៀតឡើយ ហើយ ពួកអ្នកកុំមករកយើងទៀតឱ្យសោះ។
- ពួកគេបាននិយាយថាៈ ពួកយើងនឹងព្យាយាមសុំពីឪពុក របស់គេ ឱ្យគេ(មកជាមួយពួកយើង) ហើយពួកយើងពិតជាធ្វើ បាន។
- ហើយគេ(យូសុហ្វ)បានពោលទៅកាន់ពួកអ្នកបម្រើរបស់ គេថាៈ ចូរពួកអ្នកដាក់លុយកាក់របស់ពួកគេទៅក្នុងក្បួនដំណើររបស់ ពួកគេវិញ(ដោយសម្ងាត់) សង្ឃឹមថាពួកគេអាចដឹងវាពេលពួកគេ ត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេវិញ សង្ឃឹមថាពួកគេអាច ត្រឡប់មកវិញទៀត។
- នៅពេលដែលពួកគេបានត្រឡប់ទៅជួបឪពុករបស់ពួកគេ វិញ ពួកគេក៏និយាយថាៈ ឱឪពុករបស់យើង. ការវាល់(ដោះដូរ ស្បៀង)ត្រូវបានគេហាមឃាត់ពីពួកយើង ដូចេ្នះសូមលោកឪពុក មេត្ដាបញ្ជូនប្អូនរបស់ពួកយើងទៅជាមួយយើងផង ពួកយើងនឹង ទទួលបានការវាល់(ដោះដូរស្បៀង)ជាមិនខាន។ ហើយពួកយើង ពិតជានឹងថែរក្សាគេឱ្យបានល្អ។
- គាត់(យ៉ាក់កូប)បានតបថាៈ តើឱ្យយើងទុកចិត្ដពួកឯង ចំពោះគេ(ពុនយ៉ាមីន)ដូចដែលយើងបានទុកចិត្ដពួកឯងចំពោះបង របស់គេ(យូសុហ្វ)ពីមុនឬ? ប៉ុន្ដែអល់ឡោះជាអ្នកថែរក្សាដ៏ប្រសើរ បំផុត។ ហើយទ្រង់ជាអ្នកអាណិតស្រឡាញ់ជាងគេបំផុត។
- ហើយនៅពេលដែលពួកគេបានបើកមើលទំនិញរបស់ពួក គេ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេដែលត្រូវបានគេ បង្វិលមកឱ្យពួកគេវិញ ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួក យើង. តើពួកយើងចង់បានអ្វីទៀត? នេះជាលុយកាក់របស់ពួកយើង ដែលត្រូវបានគេបង្វិលមកឱ្យពួកយើងវិញ។ ហើយពួកយើងអាច ផ្គត់ផ្គង់ម្ហូបដល់គ្រួសាររបស់ពួកយើង និងអាចថែរក្សាបងប្អូនរបស់ ពួកយើង ហើយនិងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុក សត្វអូដ្ឋទៀត។ នោះជាការវាល់(ដោះដូរស្បៀង)ដ៏ងាយស្រួល។
- យ៉ាក់កូបបានពោលថាៈ យើងមិនអាចបញ្ជូនគេទៅជាមួយ ពួកអ្នកបានឡើយ លុះត្រាតែពួកអ្នកធ្វើកិច្ចសន្យាជាមួយយើង ដោយស្បថនឹងអល់ឡោះថាៈ ពួកអ្នកពិតជានឹងនាំគេត្រឡប់មកជួប យើងវិញ លើកលែងតែពួកអ្នកត្រូវឡោមព័ទ្ធ(ដោយពួកសត្រូវ) ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់ គាត់ក៏ពោលថាៈ អល់ឡោះជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកយើង និយាយ។
- ហើយយ៉ាក់កូបបានពោលថាៈ ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកកុំចូលតាមទ្វារតែមួយ តែពួកអ្នកត្រូវចូលតាមច្រកទ្វារ ផេ្សងៗគ្នា ហើយយើងមិនអាចជួយឱ្យពួកអ្នករួចផុតពីការកំណត់ របស់អល់ឡោះបានឡើយ សូម្បីតែបន្ដិចក៏ដោយ។ គ្មានទេការ កំណត់នោះ លើកលែងតែជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចំពោះទ្រង់ដែលខ្ញុំបានប្រគល់ការទុកចិត្ដ។ ហើយបណ្ដាអ្នកដែល ទុកចិត្ដត្រូវតែប្រគល់ការទុកចិត្ដចំពោះទ្រង់។
- ហើយនៅពេលដែលពួកគេបានចូលដោយធ្វើតាមអ្វីដែល ឪពុករបស់ពួកគេបានណែនាំនោះ វាមិនអាចធ្វើឱ្យពួកគេរួចផុតពីការ កំណត់របស់អល់ឡោះបន្ដិចឡើយ តែនេះគ្រាន់តែជាតម្រូវការដែល មាននៅក្នុងចិត្ដរបស់យ៉ាក់កូបដែលចង់បំពេញវាប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ យ៉ាក់កូបមានចំណេះដឹងខ្ពស់ ដោយសារតែអ្វីដែល យើងបានបង្រៀនគេ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
- ហើយនៅពេលដែលពួកគេបានចូលទៅដល់យូសុហ្វ គាត់ ក៏ទៅអោបប្អូនប្រុសរបស់គាត់ដោយពោលថាៈ តាមពិតខ្ញុំជាបង របស់អ្នក ហេតុនេះសូមអ្នកកុំព្រួយបារម្ភនូវអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដឱ្យសោះ។
- ហើយនៅពេលដែលគាត់(យូសុហ្វ)បានរៀបចំទុកដាក់ ស្បៀងដែលជាតម្រូវការបស់ពួកគេនោះ គាត់ក៏បានដាក់ផ្ដិលមាស ទៅក្នុងថង់ប្អូនរបស់គាត់។ បន្ទាប់មកមានម្នាក់បានស្រែកថាៈ ឱ ពួកអ្នកធ្វើដំណើរ. ពិតប្រាកដណាស់ ពួកអ្នកជាអ្នកលួច។
- ពួកគេ(ពួកអ្នកធ្វើដំណើរ)បានសួរដោយដើរឆ្ពោះទៅកាន់ មន្ដ្រីទាំងនោះថាៈ តើពួកអ្នកបាត់អ្វី
- ពួកគេ(មន្ដ្រី)បានតបវិញថាៈ ពួកយើងបាត់ផ្ដិលមាស របស់សេ្ដច ហើយសម្រាប់អ្នកណាដែលរកឃើញវា គឺយើងជាអ្នក ធានាឱ្យរង្វាន់ដល់គេមួយបន្ទុកសត្វអូដ្ឋ។
- ពួកគេ(ពួកអ្នកធ្វើដំណើរ)បានឆ្លើយថាៈ យើងសូមស្បថ នឹងអល់ឡោះ. តាមពិតអ្នកទាំងអស់គ្នាដឹងហើយថា យើងមិនមែន មកដើម្បីបង្កបញ្ហានៅលើទឹកដីនេះទេ ហើយពួកយើងក៏មិនមែន ជាចោរដែរ។
- ពួកគេ(មន្ដ្រី)បានសួរវិញថាៈ តើការពិន័យរបស់គេយ៉ាង ដូចមេ្ដចដែរ បើពួកអ្នកជាអ្នកភូតកុហកវិញនោះ
- ពួកគេ(បងប្អូនរបស់យូសុហ្វ)បានឆ្លើយថាៈ ការពិន័យ របស់គេគឺចំពោះអ្នកណាដែលត្រូវបានគេរកឃើញ(ផ្ដិលមាស)នៅ ក្នុងថង់របស់គេ នោះហើយជាការពិន័យរបស់គេ។ ដូច្នោះហើយ យើងនឹងពិន័យ(ដាក់ទណ្ឌកម្ម)ចំពោះពួកដែលធ្វើខុស។
- ហើយ(យូសុហ្វ)បានចាប់ផ្ដើមឆែកឆេរគ្រប់ថង់របស់ ពួកគេ មុននឹងឆែកថង់ប្អូនប្រុសរបស់គេ។ បន្ទាប់មកគាត់ក៏បាន យកវា(ផ្ដិលមាស)ចេញពីថង់ប្អូនប្រុសរបស់គាត់។ នោះហើយ ជាផែនការដែលយើង(អល់ឡោះ)បានរៀបចំសម្រាប់យូសុហ្វ។ តាមពិតគេមិនអាចយកប្អូនប្រុសរបស់គេដោយអនុវត្ដតាមច្បាប់ របស់ព្រះរាជាបានឡើយ លើកលែងតែអល់ឡោះមានចេតនា ប៉ុណ្ណោះ។ យើងលើកកម្ពស់ឋានៈចំពោះអ្នកណាដែលយើងមាន ចេតនា ហើយរាល់អ្នកដែលមានចំណេះដឹងគឺមានអ្នកចេះដឹងខ្ពស់ ជាងទៅទៀត(អល់ឡោះ)។
- ពួកគេ(បងប្អូនយូសុហ្វ)បាននិយាយថាៈ ប្រសិនបើគេ (ពុនយ៉ាមីន)បានលួច ប្រាកដជាបងរបស់គេធ្លាប់លួចពីមុនមក។ ហើយយូសុហ្វបានលាក់ទុករឿងនេះក្នុងខ្លួនរបស់គាត់ ដោយគាត់ មិនបានបង្ហាញវាប្រាប់ពួកគេឡើយ។ ហើយគាត់(យូសុហ្វ)បាន និយាយក្នុងចិត្ដថាៈ ពួកអ្នកពិតជាអាក្រក់ឫកមែន ហើយអល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកនៅរ៉ាយរ៉ាប់។
- ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ). តាម ពិតគេមានឪពុកចាស់ជរាម្នាក់(ដែលព្រួយបារម្ភចំពោះគេ) ដូចេ្នះ សូមអ្នកយកនរណាម្នាក់ពីពួកយើងជំនួសគេចុះ។ ពិតប្រាកដណាស់ ពួកយើងយល់ឃើញថា អ្នកស្ថិតក្នុងចំណោមអ្នកដែលធ្វើល្អ។
- យូសុហ្វបានពោលថាៈ សូមអល់ឡោះបញ្ចៀសពួកយើង កុំឱ្យឃាត់ខ្លួនអ្នកណាម្នាក់ឡើយ លើកលែងតែអ្នកណាដែលពួក យើងបានប្រទះឃើញឥវ៉ាន់របស់ពួកយើងនៅជាមួយគេប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើពួកយើងបានធ្វើដូច្នោះ ពួកយើងគឺជាអ្នកដែល បំពានជាមិនខាន។
- ដូច្នោះ នៅពេលពួកគេបានអស់សង្ឃឹមចំពោះគេ(យូសុហ្វ) ពួកគេក៏បានទៅពិភាក្សាដោយស្ងាត់ស្ងៀម។ បងរបស់ពួកគេបាន ពោលថាៈ តើពួកឯងមិនបានដឹងទេឬ ? តាមពិតឪពុករបស់ពួកឯង បានឱ្យពួកឯងធ្វើកិច្ចសន្យា(ស្បថ)ចំពោះអល់ឡោះ ហើយកាលពី មុនពួកឯងបានធ្វើឱ្យបាត់យូសុហ្វ ដូច្នោះហើយខ្ញុំនឹងមិនចាកចេញ ពីទឹកដីនេះឡើយ ទាល់តែឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ ឬអល់ឡោះ កាត់សេចក្ដីឱ្យខ្ញុំ ហើយទ្រង់ជាអ្នកកាត់សេចក្ដីដ៏ល្អប្រសើរបំផុត។
- (បងគេបង្អស់បាននិយាយថា) ចូរពួកឯងត្រឡប់់ទៅកាន់ ឪពុករបស់ពួកឯងវិញចុះ ហើយចូរពួកឯងប្រាប់ថាៈ ឱលោកឪពុក របស់ពួកយើង. ពិតប្រាកដណាស់ កូន(ពុនយ៉ាមីន)របស់ឪពុកបាន លួចរបស់គេ ហើយពួកយើងមិនអាចធ្វើសាក្សីបានឡើយ លើកលែង តែអ្វីដែលយើងបានដឹង ហើយពួកយើងមិនអាចការពារនូវអ្វីដែល អាថ៌កំបាំងបានឡើយ។
- ហើយសូមឪពុកសួរអ្នកស្រុកដែលពួកយើងបាននៅទីនោះ និងក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នា ហើយជាការពិតណាស់ ពួកយើងជាអ្នកនិយាយពិត។
- គាត់(ឪពុក)បានពោលថា ផ្ទុយទៅវិញ ពួកអ្នកទេ ដែលជាអ្នកប្រឌិតរឿងនេះឡើង។ ដូចនេះការអត់ធ្មត់ វាជាការ ប្រសើរបំផុត(សម្រាប់ខ្ញុំ)។ សង្ឃឹមថា អល់ឡោះនឹងនាំពួកគេ ទាំងអស់គ្នាមកជួបយើងវិញ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិត។
- ហើយគាត់(ឪពុក)បានបែរចេញពីពួកគេ ដោយគាត់បាន ពោលថាៈ គួរឱ្យអាណោចអាធ័មណាស់ចំពោះយូសុហ្វ. ហើយ ភ្នែកទាំងពីររបស់គាត់បានប្រែជាពណ៌ស(មើលមិនឃើញ)ដោយ សារភាពទុក្ខព្រួយ តែគាត់លាក់បាំងមិនឱ្យគេដឹង។
- ពួកគេ(កូនរបស់គាត់)បាននិយាយថាៈ សូមស្បថនឹង អល់ឡោះ. ឪពុកនៅតែនឹកដល់យូសុហ្វរហូតដល់ឪពុកចាស់ជរា ឬរហូតដល់ឪពុកស្លាប់។
- គាត់បានពោលថាៈ ពិតប្រាកដណាស់ យើងគ្រាន់តែត្អូញ ត្អែរនូវការសោកសៅ និងទុក្ខព្រួយរបស់យើងចំពោះអល់ឡោះ ប៉ុណ្ណោះ ហើយយើងដឹងពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹង។
- ឱកូនទាំងឡាយរបស់ខ្ញុំ. ចូរពួកអ្នកទៅ ហើយស៊ើបសួរ រកយូសុហ្វ និងប្អូនប្រុស(ពុនយ៉ាមីន)របស់គេ ហើយកុំអស់សង្ឃឹម ពីការប្រោសប្រណីរបស់អល់ឡោះ ។ ពិតប្រាកដណាស់ គ្មានអ្នក ណាម្នាក់អស់សង្ឃឹមពីការប្រោសប្រណីរបស់អល់ឡោះឡើយ លើក លែងតែក្រុមដែលប្រឆាំងប៉ុណ្ណោះ។
- បន្ទាប់មកនៅពេលដែលពួកគេបានចូលទៅជួបគេ(យូ-សុហ្វ) ពួកគេបាននិយាយថាៈ ឱលោកម្ចាស់(យូសុហ្វ)អើយ. ពួក យើងនិងគ្រួសារបស់ពួកយើងបានជួបនឹងគ្រោះរាំងស្ងួត ហើយយើង បាននាំមកនូវលុយកាក់បន្ដិចបន្ដួច ហេតុនេះសូមលោកមេត្ដាជួយ បំពេញនូវការវាល់(ដោះដូរស្បៀង)ឱ្យពួកយើង ហើយសូមលោក មេត្ដាបរិច្ចាគឱ្យពួកយើងផង។ ពិតប្រាកដណាស់ អល់ឡោះតបស្នង ផលបុណ្យចំពោះបណ្ដាអ្នកដែលបរិច្ចាគ។
- គាត់(យូសុហ្វ)បានពោលថាៈ តើពួកអ្នកបានដឹងឬទេនូវ អី្វដែលពួកអ្នកបានធ្វើទៅលើយូសុហ្វ និងប្អូនប្រុសរបស់គេនៅ ពេលដែលពួកអ្នកជាអ្នកល្ងង់ខ្លៅនោះ
- ពួកគេ(បងយូសុហ្វ)បាននិយាយថាៈ តើលោកប្រាកដជា យូសុហ្វឬ? គាត់បានឆ្លើយថាៈ យើងជាយូសុហ្វ ហើយនេះជាប្អូន របស់ខ្ញុំ(ពុនយ៉ាមីន)។ ជាការពិតណាស់ អល់ឡោះបានប្រោស ប្រទានដល់ពួកយើង(ឱ្យយើងបានជួបគ្នាវិញ)។ ពិតប្រាកដណាស់ អ្នកណាហើយដែលកោតខ្លាចនិងអត់ធ្មត់ អល់ឡោះពិតជាមិន បំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលធ្វើល្អនោះឡើយ។
- ពួកគេ(បងយូសុហ្វ)បាននិយាយថាៈ ស្បថនឹងអល់ឡោះ ចុះ. ជាការពិតអល់ឡោះបានលើកតម្កើងលោកខ្ពស់ជាងពួកយើង ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកធ្លាប់មានកំហុស។
- គាត់(យូសុហ្វ)បានពោលថាៈ ពួកអ្នកកុំបន្ទោសខ្លួនឯង នៅថ្ងៃនេះអ្វី. អល់ឡោះនឹងអភ័យទោសដល់ពួកអ្នក ហើយទ្រង់់ ជាអ្នកអាណិតស្រឡាញ់បំផុត។
- (យូសុហ្វបានពោលថា)ចូរពួកអ្នកនាំយកអាវរបស់ខ្ញុំនេះ ហើយគ្រវាសលើផ្ទៃមុខរបស់ឪពុកខ្ញុំទៅ គាត់នឹងមើលឃើញឡើង វិញ ហើយចូរពួកអ្នកនាំគ្រួសាររបស់ពួកអ្នកទាំងអស់មកជួបខ្ញុំ។
- ហើយនៅពេលក្បួនអ្នកដំណើរបានចាកចេញ(ពីអេហ្ស៊ីប) ឪពុករបស់ពួកគេ(នៅភូមិកាន់អានប្រទេសស្ហាម)បានពោលថាៈ ពិតប្រាកដណាស់ យើងធុំក្លិនយូសុហ្វប្រសិនបើពួកអ្នកមិនគិតថា យើងរវើរវាយទេនោះ។
- ពួកគេ(អ្នកនៅជាមួយយ៉ាក់កូប)បាននិយាយថាៈ ស្បថ នឹងអល់ឡោះចុះ. ពិតប្រាកដណាស់ លោកឪពុកស្ថិតក្នុងភាពវងេ្វង វង្វាន់ដូចមុនដដែល។
- ក្រោយមក នៅពេលដែលអ្នកនាំដំណឹងរីករាយបានមក ដល់ គេ(បងយូសុហ្វ)ក៏បានគ្រវាសអាវនោះលើផ្ទៃមុខរបស់គាត់ (ឪពុក) ហើយគាត់ក៏បានមើលឃើញឡើងវិញ។ គាត់បានពោល ថាៈ តើយើងមិនបានប្រាប់ពួកអ្នកទេឬថា យើងពិតជាដឹងពី អល់ឡោះនូវអ្វីដែលពួកអ្នកមិនដឹងនោះ
- ពួកគេ(កូនយ៉ាក់កូប)បាននិយាយថាៈ ឱឪពុករបស់ពួក យើង. សូមលោកឪពុកជួយសុំអភ័យទោស(ពីអល់ឡោះ)ឱ្យពួក យើងនូវបាបកម្មទាំងឡាយរបស់ពួកយើងផង ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលធ្លាប់មានកំហុស។
- គាត់(ឪពុក)ក៏បានតបវិញថាៈ យើងនឹងជួយសុំអភ័យ ទោសពីម្ចាស់របស់យើងឱ្យពួកអ្នក។ ពិតប្រាកដណាស់ ទ្រង់ជា ម្ចាស់មហាអភ័យទោស មហាអាណិតស្រឡាញ់។
- ក្រោយមក នៅពេលដែលពួកគេ(ក្រុមគ្រួសារយូសុហ្វ) បានចូលទៅជួបយូសុហ្វ គាត់ក៏ស្ទុះទៅឱបឪពុកម្ដាយរបស់គាត់ ដោយពោលថាៈ ចូរអ្នកទាំងអស់ចូលមករស់នៅប្រទេសអេហ្ស៊ីប ដោយសុវត្ថិភាពចុះអ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមាន ចេតនា)។
- ហើយយូសុហ្វបាននាំឪពុកម្ដាយរបស់គេទៅអង្គុយលើ បល្ល័ង្គ ហើយពួកគេបានឱនគោរពចំពោះគាត់ ហើយគាត់ក៏បាន ពោលថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. នេះជាអត្ថន័យនៃសុបិន របស់ខ្ញុំកាលពីមុន ពិតប្រាកដណាស់ម្ចាស់របស់ខ្ញុំបានធ្វើឱ្យវាក្លាយ ជាការពិតមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ដោយ ទ្រង់បានធ្វើឱ្យខ្ញុំរួចផុតពីមន្ទីរឃុំឃាំង ហើយទ្រង់បាននាំអ្នកទាំង អស់គ្នាចេញពីទីជនបទក្រោយពីស្ហៃតនបានបំបែកបំបាក់រវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហា ដឹង មហាគតិបណ្ឌិត។
- ឱម្ចាស់របស់ខ្ញុំ. តាមពិតទ្រង់បានផ្ដល់ឱ្យខ្ញុំនូវអំណាច មួយចំនួន ហើយបានបង្រៀនខ្ញុំឱ្យចេះកាត់សុបិន ទ្រង់ជាម្ចាស់ ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ទ្រង់ជាអ្នកគាំពារខ្ញុំ នៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ សូមទ្រង់មេត្ដាឱ្យខ្ញុំស្លាប់ក្នុង នាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្ដាអ្នកដែលសាងអំពើ ល្អត្រឹមត្រូវផង។
- នោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់វា ឱ្យអ្នក(មូហាំម៉ាត់)។ ហើយអ្នកមិនធ្លាប់នៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានរៀបចំផែនការរបស់ពួកគេជាមួយគ្នា ខណៈដែលពួកគេប្រើឧបាយកលនោះ។
- ហើយមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ សូម្បីតែ អ្នកបានព្យាយាម(ពន្យល់)យ៉ាងណាក៏ដោយ។
- ហើយអ្នកមិនបានសុំកម្រៃពីពួកគេនៅក្នុងរឿងនេះ ឡើយ។ វា(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីការរំលឹកទូន្មានដល់ពិភព ទាំងអស់(មនុស្សលោកនិងជិន...)នោះឡើយ។
- ហើយមានភស្ដុតាងជាច្រើននៅលើមេឃជាច្រើនជាន់ និងផែនដី ដែលពួកគេឆ្លងកាត់(មើលឃើញ)វា តែពួកគេបែរចេញ (មិនពិចារណា)ពីវាទៅវិញ។
- ហើយពួកគេភាគច្រើនគ្មានជំនឿលើអល់ឡោះឡើយ លើកលែងតែពួកគេជឿដោយធ្វើស្ហ៊ីរិកប៉ុណ្ណោះ។
- តើពួកគេមានសុវត្ថិភាពដែរឬទេ នៅពេលដែលទណ្ឌកម្មរបស់អល់ឡោះបានគ្របដណ្ដប់លើពួកគេ ឬមួយនៅពេលដែល ថ្ងៃបរលោកមកដល់ពួកគេជាបន្ទាន់ ដោយពួកគេមិនដឹងខ្លួននោះ
- ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ ដែលខ្ញុំអំពាវនាវទៅកាន់អល់ឡោះ ដោយមានការចេះដឹងច្បាស់ លាស់ ខ្ញុំនិងអ្នកដែលបានដើរតាមខ្ញុំ(ត្រូវអំពាវនាវអ្នកផេ្សងទៀត ទៅកាន់អល់ឡោះ)។ ហើយអល់ឡោះមហាជ្រះស្អាត ហើយខ្ញុំ មិនមែនជាអ្នកដែលស្ថិតក្នុងចំណោមពួកដែលធ្វើស្ហ៊ីរិកឡើយ។
- ហើយយើងមិនបានបញ្ជូននរណាម្នាក់មុនអ្នក ក្រៅពី បុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេក្នុងចំណោមអ្នកភូមិស្រុកនោះ ឡើយ។ តើពួកគេមិនបានធ្វើដំណើរនៅលើផែនដីនិងពិនិត្យមើលទេ ឬថា តើលទ្ធផលចុងក្រោយរបស់ពួកដែលពីមុនពួកគេនោះយ៉ាងដូច មេ្ដចទៅ? ហើយជាការពិតណាស់ លំនៅដ្ឋាននៅថ្ងៃបរលោកគឺ ប្រសើរសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ តើពួកអ្នកមិន គិតពិចារណាទេឬ
- លុះដល់ពេលដែលអ្នកនាំសារទាំងឡាយអស់សង្ឃឹម ដោយពួកគេបានគិតថា ពួកគេពិតជាត្រូវបានគេបដិសេធ។ (ពេល នោះ)ជំនួយរបស់យើងក៏បានមកដល់ពួកគេ ហើយយើងនឹងសង្គ្រោះ អ្នកណាដែលយើងមានចេតនា។ ហើយទណ្ឌកម្មរបស់យើងនឹងមិន ត្រូវបានគេបញ្ចៀសពីក្រុមដែលប្រព្រឹត្ដអំពើអាក្រក់នោះឡើយ។
- តាមពិតនៅក្នុងប្រវត្ដិសាស្ដ្រនានារបស់ពួកគេ គឺជាមេរៀនសម្រាប់អ្នកដែលមានបញ្ញាញាណ។ វា(គម្ពីរគួរអាន)មិនមែន ជាពាក្យសំដីដែលត្រូវគេប្រឌិតនោះឡើយ ក៏ប៉ុន្ដែជាការបញ្ជាក់ ចំពោះអ្វីដែលមានពីមុនមក(គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល...) និងជា ការបរិយាយដ៏លំអិតនូវអ្វីគ្រប់បែបយ៉ាង ហើយនិងជាការចង្អុល បង្ហាញ ព្រមទាំងជាការប្រោសប្រណីសម្រាប់ក្រុមដែលមានជំនឿ។